កោះកុង ៖ ក្រុមការងារចំពោះកិច្ចទប់ស្កាត់កូវីដ១៩ នៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាព បានរកឃើញបុរសម្នាក់ វិជ្ជមានកូវីដ១៩ និងមនុស្ស៧នាក់ផ្សេងទៀត សង្ស័យដោយតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលដែលរៀបចំទុកដោយរដ្ឋបាលស្រុកស្រែអំបិល។
បុរសវ័យកណ្តាលម្នាក់ ត្រូវបានធ្វើតេស្តរហ័សហើយរកឃើញកើតជំងឺកូវីដ១៩ភ្លាមៗ ក្រោយពិនិត្យរយៈពេល១៥នាទី ចំណែកអ្នកពាក់ព័ន្ធលើរថយន្តក្រុងចំនួន៧នាក់ ផ្សេងទៀត ក្នុងនោះស្ត្រី២នាក់ឋិតនៅក្នុងការសង្ស័យតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។
លោក ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ពិតជារកឃើញបុរសម្នាក់ដែលបានកើតជំងឺកូវីដ១៩ប៉ុស្តិ៍ពិនិត្យសុខភាព តាមបណ្តោយផ្លូវជាតិលេខ៤៨ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ប្រាកដមែន ដោយបុរសរូបនេះ បានធ្វើដំណើរមកពីភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម តាមរយៈរថយន្តក្រុងក្រុមហ៊ុនអូឡុងពេជ្រ ចូលមកកាន់ទឹកដីខេត្តកោះកុង កាលពីថ្ងៃទី១០ ឧសភា ម្សិលមិញ។
លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បន្ថែមទៀតថា បច្ចុប្បន្នបុរសឈ្មោះ ហៀក ហេង វ័យ៤២ឆ្នាំបញ្ជូន មកបន្ទប់ពិនិត្យព្យាបាលរួចរាល់ហើយ។ ដោយឡែកអ្នករួមដំណើរចំនួន៧នាក់ បូកនឹងអ្នកបើកឡាន ធ្វើតេស្តអវិជ្ជមាន ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ក នៅអតីតអគារការិយាល័យបរិស្ថានស្រុក។
គួរកត់សម្គាល់ថា ប៉ុន្មានថ្ងៃនេះ មានមនុស្ស៣នាក់ហើយដែលរកឃើញកើតជំងឺកូវីដ ក្រោយធ្វើតេស្តរហ័សនៅប៉ុស្តិ៍ពិនិត្យសុខភាពផ្លូវជាតិលេខ៤៨ ឃុំបឹងព្រាវ ហើយពួកគេសុទ្ធតែទទួលបានការព្យាបាលយ៉ាងដិតដល់ក្រុមគ្រូពេទ្យ។
ឯកឧត្តម វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សាក្រសួង និងជាមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា គោលដៅអ្នកដំណើរខាងលើមកកោះកុង ដើម្បីរកការងារធ្វើ និងមកលេងបងប្អូន។ ឯកឧត្តម នៅតែចាត់ទុកថារក្សាប៉ុស្តិ៍ត្រួតពិនិត្យសុខភាពអ្នកដំណើរតាមដងផ្លូវជាតិដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានលើវិធានការទប់ស្កាត់ជំងឺកូវីដឆ្លងរាលដាលក្នុងសហគមន៍។
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ពន្យល់ថា តាមការសម្រេចរបស់សម្តេចតេជោ អនុញ្ញាតឱ្យធ្វើដំណើរឆ្លងខេត្ត និងបើកដំណើរការតំបន់ទេសចរណ៍កម្សាន្តឡើងវិញ ការដាក់ប៉ុស្តិ៍ពិនិត្យសុខភាពចំពោះអ្នកដំណើរដែលបានឆ្លងកាត់ភូមិសាស្ត្រស្រុក គឺមិនហាមឃាត់ការធ្វើដំណើររបស់បងប្អូនពលរដ្ឋទេ តែចាំបាច់អនុវត្តវិធានការសុខាភិបាលដោយវាស់កម្ដៅ លាងដៃនឹងអាល់ ពាក់ម៉ាស់ឱ្យត្រឹមត្រូវ ព្រមទាំងសួរនាំពីប្រវត្ថិ និងគោលដៅធ្វើដំណើរចូលមកខេត្តកោះកុង។
បច្ចុប្បន្ន ខេត្តកោះកុង មានតែអ្នកជំងឺកូវីដ៧នាក់ ជាជនជាតិចិន កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យស្រុកស្រែអំបិល ក៏តែមិនយូរនោះទេ ពួកគេនឹងជាសះស្បើយពីជំងឺហើយ ក្រោមការយកចិត្តទុកដាក់ពិនិត្យតាមដានព្យាបាល និងយកសំណាកទៅតេស្តជាបន្តបន្ទាប់គ្នា៕
អត្ថបទ ៖ ឈឹម មករា




