សូម៉ាលី ៖ ពួកឧទ្ទាម Al-Shabaab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ក្នុងរដ្ឋធានីមូហ្កាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់រងរបួស។
ការវាយប្រហារលើភោជនីយដ្ឋានដ៏ល្បី Pearl នៅក្នុងសណ្ឋាគារឆ្នេរសមុទ្រ បានកើតមានឡើង កាលពីក្បាលព្រលប់ថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលី បានឲ្យដឹងតាមរយៈបណ្ដាញសង្គម Twitter ថា៖ «កងកម្លាំងសន្តិសុខទទួលបានជោគជ័យ ក្នុងការតទល់នឹងក្រុមសកម្មប្រយុទ្ធ al Shabaab ដែលជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មលើសណ្ឋាគារឆ្នេរ Pearl ក្នុងរមនីយដ្ឋាន Lido Beach នៅទីក្រុង Mogadishu»។
ភ្នាក់ងារសារព័ត៌មានដដែលនេះ បានបន្ថែមថា៖ «ជនស៊ីវិលមួយចំនួនធំត្រូវបានជួយសង្គ្រោះ អំឡុងប្រតិបត្តិការនេះ»។
ក្រុមសកម្មប្រយុទ្ធ al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមឣាល់កៃដា បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារនេះ៕

