ភ្នំពេញ៖ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមិថុនាកន្លងទៅ បានអញ្ជើញចូលរួមបើក សិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” ក្នុងគោលដៅដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែប្រសើរថែមទៀត។
នៅចំពោះមុខឯកឧត្តម អ៊ូអិណូ អាតស៊ូស្ស៉ី (UENO ATSUSHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងសិស្សនិស្សិតប្រមាណជាង ២០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង ៧% នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសកម្ពុជា នឹងឈានទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងប្តេជ្ញាឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថា ខេមបូឌា ត្រេដ Cambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូចនិងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរ័ស័ក្តិ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និងការវិនិយោគកម្ពុជា-ជប៉ុន រួមមានដូចជា៖ ពិចារណាពីលទ្ធភាពនៃការលើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ ពីប្រទេសជប៉ុនមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា, ភាគីទាំងពីរ កម្ពុជានិងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្តសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន និងសហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងទម្រង់នៃការបោះទុនវិនិយោគ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន៖ ការបង្កើតគេហទំព័រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)៕





