អុីតាលី ៖ ក្រសួងការពារជាតិរបស់ទីក្រុងរ៉ូម បានឲ្យដឹងកាលពីថ្ងៃសុក្រ (ទី៩ ខែមិថុនា) ថា កងកម្លាំងពិសេសអ៊ីតាលី បានឡើងលើនាវាដឹកទំនិញទួរគី កាលពីថ្ងៃសុក្រ បន្ទាប់ពីកក្រុមនាវិកបានរកឃើញមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះនៅលើនាវានេះ ដែលខ្លះមានទាំងអាវុធទៀតផង ហើយក្រសួងបន្ថែមថា ប្រតិបត្តិការនោះ កំពុងបន្តនៅឡើយ។
រដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី លោក Guido Crosetto បាននិយាយថា មាន«ជនអន្តោប្រវេសន៍ខុសច្បាប់» ចំនួន ១៥នាក់ នៅលើនាវានេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតថា តើពួកគេទៅដល់ទីនោះដោយរបៀបណា ឬទៅដល់ប្រទេសដើមរបស់ពួកគេដោយរបៀបណានោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនទួរគី បានឲ្យដឹងថា នាវាដឹកទំនិញ Galata Seaways ដែលត្រូវបានផលិតឡើងសម្រាប់ដឹកយានយន្ត កំពុងធ្វើដំណើរពីក្រុងកំពង់ផែ Yalovaរបស់ប្រទេសទួរគីទៅកាន់ទីក្រុង Sete របស់ប្រទេសបារាំង។
សេចក្ដីថ្លែងការ បានឲ្យដឹងទៀតថា ក្រុមនាវិកបានកត់សម្គាល់ឃើញវត្តមានរបស់មនុស្សផ្សេងទៀត នៅលើនាវា នាព្រឹកព្រលឹមថ្ងៃសុក្រ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលបង្ហាញថា ជនទាំងនោះ បានដើរជុំវិញនាវាដែលទំនងជាមានកាន់វត្ថុមុតស្រួច។
ចំណែកលោករដ្ឋមន្ត្រី Crosetto របស់ប្រទេសអ៊ីតាលីវិញ បានប្រាប់ថា មនុស្ស២ទៅ៣នាក់ក្នុងចំណោមនោះ មានអាវុធក្នុងដៃ។
ក្រុមនាវិកត្រូវបានគេចាក់សោទុកនៅក្នុងបន្ទប់ម៉ាស៊ីន ហើយបានជូនដំណឹងដល់អាជ្ញាធរដែនសមុទ្រ ក្នុងប្រទេសទួរគី ដែលបានទាក់ទងទៅប្រទេសអ៊ីតាលី និងបារាំងវិញ៕

