ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីធនាគារពិភពលោក សហការរៀបចំ រចនាមន្ទីរពិសោធន៍ថ្នាក់ជាតិ ដើម្បីជំរុញដល់ការនាំចេញឲ្យកាន់កើនឡើងបន្ថែមទៀតទៅទីផ្សារអន្តរជាតិ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ឌីណា យូម៉ាលី ឌីនីនហ្គឺ (Dina Umali Deininger) ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ប្រចាំនៅសិង្ហបុរី កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣កន្លងទៅ បានលើកឡើងពីគោលនយោបាយរបស់ក្រសួង ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពស្បៀង និងធ្វើឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ដល់ប្រជាកសិករ និងប្រជាជនកម្ពុជាទាំងអស់។
បន្ថែមលើនេះទៀត ឯកឧត្តម បានលើកឡើងអំពីគម្រោងរៀបចំសហគមន៍កសិកម្ម ដែលធ្វើការរួមគ្នាជាខ្សែទទឹង និងខ្សែបណ្ដោយ ដោយមានបច្ចេកទេសដាំដុះប្រកបដោយប្រសិទ្ធភាពនិងមានគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវ ការទីផ្សារ និងទទួលបានប្រាក់ចំណេញច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម និងលោកស្រី Dina Umali Deininger ក៏បានពិភាក្សាពីយន្តការមួយចំនួនដើម្បីទាញយកប្រាក់ចំណូលពីឥណទានកាបូន តាមរយៈដំណាំដើម ឈើដែលមាននៅទូទាំងប្រទេសកម្ពុជា ជូនដល់ប្រជាកសិករដែលជាអ្នកដាំដុះ។
ដោយឡែក សម្រាប់ផលិតកម្មកសិកម្ម គឺកម្ពុជាចង់ឱ្យមានការសិក្សាច្បាស់លាស់ និងជំរុញការនាំចេញស្វាយចន្ទី។ ចំណែកផ្នែកសុវត្ថិភាពអនាម័យ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យភាគីធនាគារពិភពលោក សហការរៀបចំរចនាមន្ទីរ ពិសោធន៍ថ្នាក់ជាតិ ដើម្បីធានាការពិនិត្យគុណភាពផលិតផលនិងសុវត្ថិភាពចំណីអាហារ និងការបង្ការការ ឆ្លងជំងឺផ្សេងៗ៕



