ឥណ្ឌា៖ ការឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសឥណ្ឌា នៅតែបន្តហក់ឡើងខ្លាំងជិតដល់កំណត់ត្រាឆ្លងខ្ពស់បំផុតប្រចាំថ្ងៃកាលពីថ្ងៃចន្ទ ខណៈមានការអំពាវនាវកាន់តែច្រើនឡើងឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បិទខ្ទប់ប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី២ របស់ពិភពលោកមួយនេះ។

ការឆ្លងថ្មីចំនួន ៣៦៦,១៦១នាក់ និងស្លាប់ចំនួន ៣,៧៥៤នាក់ត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាល ជាចំនួនធ្លាក់ចុះបន្តិចពីចំនួនខ្ពស់បំផុតនាពេលថ្មីៗ ដែលនាំឲ្យប្រទេសឥណ្ឌាមានការណីឆ្លងសរុបជាង ២២លាន ៦៦ម៉ឺននាក់ និងស្លាប់ចំនួន ២៤៦,១១៦នាក់ ខណៈមន្ទីរពេទ្យអស់អុកស៊ីសែន ហើយគ្រែពេទ្យ កន្លែងតម្កល់សព និងឈាបនដ្ឋានគរដោយសាកសព។ ទិន្នន័យបានមកពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ គ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌាបានបង្ហាញថា ការធ្វើតេស្តមនុស្សចំនួន ១លាន ៤៧ម៉ឺននាក់កាលពីថ្ងៃអាទិត្យរកវីរុស COVID-19 គឺជាចំនួនទាបបំផុតសម្រាប់ខែនេះ។
ចំនួននេះស្មើនឹងចំនួនករណីឆ្លងប្រចាំថ្ងៃជាមធ្យមចំនួន ១លាន ៧សែននាក់ក្នុងរយៈពេល ៨ថ្ងៃដំបូងនៃខែឧសភានេះ។ រដ្ឋជាច្រើនបានអនុវត្តន៍វិធានការបិទខ្ទប់តឹងរ៉ឹងកាលពីខែមុន ខណៈដែលរដ្ឋផ្សេងៗទៀតបានដាក់វិធានការ បញ្ឈប់ចលនាប្រជាពលរដ្ឋ និងបិទរោងភាពយន្ត ភោជនីយដ្ឋាន ហាងស្រា និងផ្សារទំនើបនានា៕
អត្ថបទ៖ សុខមាន