ស្វាយរៀង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនក្នុងខេត្តស្វាយរៀងចំនួន៣០០នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសជួបសំណេះសំណាល នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៍ជ្រាលជ្រៅ នឹងដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ដែលកំពុងរស់នៅក្នុងមូលដ្ឋានក្រុង និងខេត្តស្វាយរៀង បើទោះបី លោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៍ដោយចុះ ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា អតីតយុទ្ធជនកម្ពុជាសុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិមាតុភូមិ ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឲ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ឮជាថ្មីទៀត នាអំឡុងទសវត្សរ៍ឆ្នាំ១៩៧៩ ដល់ ឆ្នាំ ១៩៩៨។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានរំលឹកថា ដើម្បីបុព្វហេតុការពារជាតិ ការពារការរស់រៀនមានជីវិតជាថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា បងប្អូនអតីតយុទ្ធជនបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារ ពលីជីវិត ដោយឥតរារែកនោះឡើយ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ការលះបង់ដោយឥតអល់ឯករបស់អតីតយុទ្ធជនយើង គឺជាចំណែកមួយដ៏ធំធេងក្នុង ការរក្សាពន្លឺសុខសន្តិភាព របស់កម្ពុជា និងជួយរុញកម្ពុជា ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចប្បន្ន ។ ជាមួយគ្នានេះ នាយឧត្តមសេសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវអោយបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ។
ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសឯក ដែលយកជីវិតជាដើមទុន ។







