កំពង់ចាម៖ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកយុវជនបក្សថ្មីសរុបចំនួន ៣៤១៧នាក់មកពីឃុំទ្រាន ឃុំរអាង ឃុំគៀនជ្រៃ ឃុំអំពិល និងឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់សមាជិកយុវជនបក្សថ្មីទាំង ៣ ៤១៧នាក់ ត្រូវដឹងគុណ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីបុព្វហេតុប្រទេសជាតិ និងសុខសន្តិភាពសម្រាប់ប្រជាជនយើង។ សមាជិកយើងទាំងអស់ត្រូវរួមគ្នារក្សាម្លប់សន្តិភាពនេះឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះថាមានសុខសន្តិភាពទើបមានការអភិវឌ្ឍ មានការរីកចម្រើន មានសុខសន្តិភាព ស្ថេរភាពសង្គម ទើបប្រជាជនយើងអាចរស់នៅជុំគ្រួសារដោយកក់ក្តៅ មានសិទ្ធសេរីភាពពេញលេញ។ ហេតុនេះ យើងទាំងអស់គ្នាត្រូវបន្តគាំទ្រសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារគណបក្សទាំងអស់ដែលបានចុះជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាក្រុមការងារនឹងបន្តសកម្មភាពដ៏សកម្មនេះ ដើម្បីប្រជាពលរដ្ឋយើង៕












