ភ្នំពេញ ៖ ក្នុងពិធីប្រកាសទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងផ្ដាំផ្ញើឱ្យអ្នកឧកញ៉ាឧកញ៉ាកម្ពុជាទាំងអស់ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិកសមនឹង គោរមងាររបស់ខ្លួន ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងជាប្រធានកិត្តិយស សម្តេច ស្វាគមន៍ចំពោះការបង្កើតឲ្យមានសមាគមឧកញ៉ានេះឡើង និងបានផ្ដាំផ្ញើទៅកាន់សមាគមឧកញ៉ាកម្ពុជា និងបណ្ដាឧកញ៉ាទាំងអស់ គប្បីលៃលកយ៉ាងណាត្រូវអនុវត្តឲ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការមួយចំនួន៖
១. បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងគោរមងារជាឧក ញ៉ា សក្តិសមដែលត្រូវបានព្រះមហាក្សត្រទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្ដល់គោរមងារជាអ្នកឧកញ៉ា ឬឧក ញ៉ា ជាគំរូផ្ដល់សេចក្តីថ្លៃថ្នូរដល់ប្រជាជនខ្មែរគ្រប់ជំនាន់ ។
២. ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរក ភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសារប្រជាជនទីទ័លលំបាក ដូចពាក្យចាស់បុ រាណពោលថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” ។
៣. ចូលរួមទ្រទ្រង់សេដ្ឋកិច្ចវឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឲ្យបានដាច់ខាតនូវឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ ជាពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា តាមរយៈបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរកិច្ច ឬ សមាគមវិនិយោគបរទេសធំៗឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការឲ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាពបីឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧក ញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ៕




