តាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។
ជំនួបសំណេះសំណាលនឹងធ្វើឡើងនៅរោង ចក្រ គ័នថេក ខេមបូឌា អ៊ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តអញ្ជើញជួបកម្មករកម្មការិនីជិត ២ ម៉ឺននាក់ នៅស្រុកត្រាំកក់ខេត្តតាកែវ សម្ដេចបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំអស់ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងជាពិសេសស្រ្ដីដែលមានផ្ទៃពោះ ដើម្បីទទួលបានព័ត៌មាននានាអំពីបងប្អូនកម្មករនិយោជិតដោយផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀង។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើសិនជាអត់មានរោងចក្រទាំង ៨៦រោងចក្រ នៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតា។
សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជាមិត្តរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋបែរមកប្រើប្រាស់វិធីសាស្រ្ដធ្វើស្រែ ធ្វើកសិកម្មបែបទំនើប ដោយប្រើប្រាស់គោយន្តច្រើន ប៉ុន្ដែសម្ដេចតេជោ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តប្រើប្រាស់គោ-ក្របី ដើម្បីរួមចំណែកក្នុងការធ្វើកសិកម្មរបស់ប្រជាកសិករ។
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបានចំណូលចំណាយរបស់ខេត្ត ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ការណែនាំនេះ បន្ទាប់ពីសម្ដេចសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធប្រាក់ចំណូលរបស់កម្មករ កម្មការិនីក្នុងខេត្ត តែអភិបាលខេត្តរូបនោះឆ្លើយតបមិនច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧។ បច្ចុប្បន្នកម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យរោងចក្រកាត់ដេររបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវតែកម្ចាត់ចោលពួកជ្រុលនិយម ដែលបំផ្លាញជាតិខ្លួនឯង ខណៈក្រុមជ្រុលនិយមទាំងនោះ តែងតែធ្វើសកម្មភាពនានាទាមទារឱ្យបរទេសកៀបសង្កត់មកលើកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមការងារដែលធ្វើសុន្ទរកថា ជូនសម្ដេចត្រូវពិនិត្យឱ្យបាន ហ្មត់ចត់ ខណៈសុន្ទរកថា របស់សម្ដេចកាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ មានការខុសឆ្គងចំនួនតួរលេខនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈតួរលេខដែលត្រឹមត្រូវ គឺសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានចំនួន ៥,២ ភាគរយហើយឆ្នាំនេះ ព្យាករណ៍ទុកគឺមានចំនួន ៥,៦ ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។
សម្ដេចតេជោ អំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយ មិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព គឺមានការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន សម្ដែងការអបអរសាទរចំពោះម្ចាស់រោងចក្រ និងថៃកុងឡានដឹកកម្មការិនីរោងចក្រនៅខេត្តតាកែវ នាព្រឹកនេះ ដែលបានយកចិត្តទុកដាក់ខ្ពស់សម្រាលការលំបាក ចំពោះកម្មការិនីមានផ្ទៃពោះក្នុងការធ្វើការងារ និងពេលធ្វើដំណើរទៅធ្វើការងារជាប្រចាំថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បន្តផ្ដាំផ្ញើដល់កម្មករកម្មការិនីទាំងអស់កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ៣ ថ្ងៃក្នុងឱកាសពេលបោះឆ្នោតនេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជម្រើសដ៏ល្អជាងគេ គឺបន្តបោះឆ្នោតដល់គណបក្សប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

















