
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តផ្ដាំផ្ញើដល់កម្មករ និយោជិតទាំងអស់ កុំភ្លេចអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សណាដែលខ្លួនពេញចិត្ត ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ហើយថែមទាំងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាពលរដ្ឋថែមរហូតមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាស បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ក៏ថ្លែងអំណរគុណដល់ពលរដ្ឋ កម្មករ និងនិយោជិត និងឪពុកម្ដាយ អ្នកអាណាព្យាបាលទាំងអស់ដែលកន្លងមកបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលជោគជ័យក្នុងការបោះឆ្នោត និងបន្តកាន់អំណាច ដល់បច្ចុប្បន្ននេះ។
សូមជម្រាបថា យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ៕