ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានចេញតវ៉ានៅតាមផ្លូវនានា កាលពីថ្ងៃសៅរ៍ ទី១០ មិថុនា ដូចដែលពួកគេបានធ្វើរៀងរាល់សប្តាហ៍អស់រយៈពេលជាង ៥ ខែ មកនេះ ដើម្បីប្រឆាំងនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការ។

ក្រុមអ្នករៀបចំការតវ៉ានេះ បាននិយាយថាសប្តាហ៍នេះ ក៏ត្រូវបានអំពាវនាវផងដែរឲ្យមានការរិះគន់លើចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអារ៉ាប់អ៊ីស្រាអែល។
បដាដ៏ធំមួយនៅឯការតវ៉ាបានសរសេរថា ជនជាតិអារ៉ាប់ចំនួន១០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីដើមឆ្នាំនេះមក ។
អស់រយៈពេល ២៣ សប្តាហ៍ ក្រុមបាតុករបានបន្តធ្វើមហាបាតុកម្មប្រចាំសប្តាហ៍ប្រឆាំងនឹងការរុះរើប្រព័ន្ធតុលាការ ដែលបានស្នើឡើងដោយលោក Netanyahu ដែលនឹងផ្តល់ឱកាសពេញដៃឲ្យអ្នកនយោបាយកាន់តែមានភាពអំណាចក្នុងការជ្រើសរើសចៅក្រម។
រដ្ឋាភិបាលអះអាងថា ការធ្វើកំណែទម្រង់ទាំងនេះ គឺចាំបាច់ដើម្បីស្តារតុល្យភាពក្នុងចំណោមស្ថាប័នរបស់រដ្ឋាភិបាល។
ក្រុមបាតុករអាចទាមទារជោគជ័យខ្លះ ត្រង់ថា ផែនការនេះ មិនត្រូវបានអនុម័តលឿនដូចលោក Netanyahu សង្ឃឹមនោះទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោក នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរនេះ។

ដោយប្រឈមទៅនឹងសម្ពាធទាំងក្នុងស្រុក និងអន្តរជាតិ និងកំពុងស្ថិតក្រោមការជំនុំជម្រះទោសពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ដែលលោកបានបដិសេធ លោក Netanyahu បានយល់ព្រមពន្យារពេលការផ្លាស់ប្តូរជាបណ្តោះអាសន្ន ដើម្បីចូលរួមក្នុងការចរចាជាមួយក្រុមប្រឆាំង៕