កំពង់ចាម៖ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ៤ ៦៥៨នាក់ មកពីឃុំហាន់ជ័យ ឃុំវិហារធំ ឃុំគគរ និងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ និងអាជ្ញាធរមូលដ្ឋានផងដែរ។
មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សថ្មីទាំង៤ ៦៥៨នាក់ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ និងភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងចុះជួយសំរួល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមយ៉ាងសកម្ម។
ឯកឧត្តមក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើង ពីប្រទេសដែលមានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស អសន្តិសុខ មកជាប្រទេសដែលមានអ្វីៗទាំងអស់ ជាកម្ពុជាដែលបន្តឈានទៅមុខឥតឈប់ឈរ។

ឯកឧត្តមក៏បានលើកឡើងនូវសមិទ្ធផលជាច្រើនដែលសម្តេចតេជោ និងគណបក្សបាន និងកំពុងសម្រេច ដូចជាការគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩ ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ថ្មីៗនេះ រាជរដ្ឋាភិបាលទើបប្រកាសក្នុងការជួយគាំទ្រដល់ការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ឥតឈប់ឈរក៏ជាស្នាដៃដ៏អស្ចារ្យមួយដែលសម្តេចតេជោបានសម្រេចផងដែរ។ ជាក់ស្តែង ទាំងអស់នេះបានធ្វើឱ្យប្រជាជនយើងយល់ច្បាស់ និងមានជំនឿចិត្តគាំទ្រសម្តេចតេជោ និងគណបក្ស ហើយក៏ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សយើង។ ហេតុដូច្នេះ យើងទាំងអស់គ្នា មានភារកិច្ចថែរក្សា និងការពារម្លប់សន្តិភាពនេះជាចាំបាច់ មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចម្រើន។
ឯកឧត្តមក៏បានអំពាវនាវដល់សមាជិកគណបក្សយើង និងប្រជាពលរដ្ឋយើងទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រសម្តេចតេជោ ប្រធានគណបក្សប្រជាជន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត៕










