
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវដល់កម្មករកម្មការិនី និងម្ចាស់រោងចក្រទាំងអស់បន្តរួមគ្នារក្សាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំស្វែងរកយ៉ាងលំបាកទម្រាំទទួលបានសមិទ្ធផលសន្ដិភាពពេញលេញដូចសព្វថ្ងៃនេះ ខណៈសង្គ្រាមបានបំផ្លាញនូវអ្វីៗគ្រប់បែបយ៉ាង និងបង្កសោកនាដកម្មដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាស បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ក៏បានអំពាវនាវឱ្យកម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសទាំងអស់ខិតខំរួមគ្នាធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។
សម្តេចតេជោ បញ្ជាក់ថា នៅរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការរៀបចំគោលនយោបាយនានា រោងចក្របានចូលរួមគាំពារដល់កម្មករនិយោជិតទាំងអស់ផងដែរ។
សូមជាម្រាបថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោនយោបាយច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្ដិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សេដ្ឋកិច្ចមានកំណើនជារៀងរាល់ឆ្នាំនាំកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុតដូចសព្វថ្ងៃនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា