លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថា ការវាយបកដែលបានរង់ចាំយ៉ាងយូរបស់ប្រទេសលោក ប្រឆាំងកងកម្លាំងរុស្ស៊ី បានចាប់ផ្ដើមហើយ។លោក បាននិយាយថា ការវាយបក និងការវាយរុលទៅមុខ កំពុងប្រព្រឹត្តទៅ។

ប៉ុន្តែលោកបានបន្ថែមថា លោកនឹងមិននិយាយលម្អិតអំពីដំណាក់កាលឬ ស្ថានភាពនៃការវាយបកនោះទេ។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើង បន្ទាប់ពីការបង្កើនការប្រយុទ្ធក្នុងសមរភូមិក្នុងភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន និងភាពមន្ទិលអំពីការរីកចម្រើននៃការវាយរុលទៅមុខដែលបានរំពឹងទុកយ៉ាងខ្លាំង។
ទាហានអ៊ុយក្រែន ត្រូវគេរាយការណ៍បានវាយរុលទៅមុខក្នុងភាគខាងកើត ជិតទីក្រុង Bakhmut និងនៅក្នុងភាគខាងត្បូង ជិតតំបន់ Zaporizhzhia និងបានបើកការវាយប្រហារ ដោយមីស៊ីលរយៈចម្ងាយឆ្ងាយដាក់គោលដៅនានាលើកងកម្លាំងរុស្ស៊ី។
ប៉ុន្តែការវាយតម្លៃការពិតនៅសមរភូមិជួរមុខគឺពិបាក ដោយភាគីសង្រ្គាមទាំងពីរបង្ហាញការអះអាងផ្ទុយគ្នា អ៊ុយក្រែនអះអាងពីវឌ្ឍនភាព ចំណែករុស្ស៊ីថាខ្លួនកំពុងប្រយុទ្ធការពារការវាយប្រហារ។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងបទសម្ភាសន៍តាមវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនពិតជាបានចាប់ផ្តើមការវាយលុករបស់ពួកគេ ប៉ុន្តែការប៉ុនប៉ងរុលទៅមុខនោះ បានបរាជ័យដោយមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន៕
