មនុស្សម្នាក់បានស្លាប់ និងរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារតំបន់ Granma ភាគខាងកើតរបស់ប្រទេសគុយបា ដែលបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ ទី១០ មិថុនា។

យោងតាមរបាយការណ៍ក្នុងស្រុក បុរសអាយុ ៦០ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងក្រុង Jiguani (ជីហ្ក្វានី) តំបន់ Granma បន្ទាប់ពីទឹកក្នុងទន្លេ Bayamo បានហក់ឡើងប្រៀបច្រាំងទន្លេ។
ទឹកជំនន់បានធ្វើឲ្យភូមិមួយចំនួនត្រូវកាត់ផ្តាច់ ដំណាំត្រូវបានបំផ្លាញ និងដាច់ចរន្តអគ្គិសនី។
ក្រុមអាជ្ញាធរ Granma បាននិយាយថា មនុស្សជាង៧.០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកដែលរៀបចំដោយរដ្ឋ ឬផ្ទះគ្រួសារ ហើយផ្ទះប្រហែល១០.០០០ ខ្នងបានរងការខូចខាត។
វិទ្យាស្ថានឧតុនិយមរបស់កោះនេះ បាននិយាយថា ភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះ បណ្តាលមកពីការរួមផ្សំគ្នានៃស្រទាប់កណ្តាលនិងខាងលើនៃបរិយាកាស និងលំហូរនៃខ្យល់សើមពីភាគខាងត្បូង។
ក្រុមអាជ្ញាធរអាកាសធាតុកំពុងព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ទៀត ៕
