ព្រៃវែង៖ នាថ្ងៃទី១០ ខែមិថុនា ម្សិលមិញនេះ នៅស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអជ្ញាធរ ប្រជាពលរដ្ឋស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ជាង៣០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាបេក្ខជនពេញសិទ្ធ និងបំរុងចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧រដ្ឋសភា។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបងជូនប្រជាពលរដ្ឋស្រុកពារាំង និងស្រុកស៊ីធរកណ្តាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលប្រវត្តិសាស្រ្តជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែងក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោពេញដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានជោគជ័យ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានសំណូមពរដល់ប្រធាន អនុប្រធាន និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ពន្យល់ណែនាំដល់សាច់ញាតិ និងអ្នកដទៃទៀត សូមផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសតាមរយៈការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕អត្ថបទ ៖ សាន់ ស្រីកែវ