កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ រស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ភ្នំជាល។
នៅថ្ងៃអាទិត្យនេះ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥១៨នាក់ ស្រី៣២៥នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចែកឱសថជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសជំរុញទី៦ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៥៧១៨នាក់ ក្នុងនោះស្ត្រី៣៨៣១នាក់។
ឯកឧត្តម លេង ផាលី បានថ្លែងថា រយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១១ មិថុនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១០៧៦លើក ព្យាបាលជំងឺបានចំនួន ១១,៧៧២,១០៣នាក់ (ដប់មួយលាន ចិតសិបប្រាំពីរម៉ឺន ពីរពាន់ មួយរយ បី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០១៣,៨៣៨នាក់ (ប្រាំមួយលាន មួយម៉ឺន បីពាន់ ប្រាំបីរយ សាមសិបប្រាំបី នាក់)គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣ បានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៦៦,២៣១ដូស (ដប់លាន ហាសិបប្រាំមួយម៉ឺនប្រាំមួយពាន់ ពីររយសាមសិបមួយ ដូស) ក្នុង២៥រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៨៨,៦០៥,១៥០ដុល្លារ(ប្រាំរយប៉ែតសិបប្រាំបីលាន ហុកសិបម៉ឺន ប្រាំពាន់ មួយរយ ហាសិបដុល្លារសហរដ្ឋអាមេរិក)។
នាឱកាសនោះលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង និងលោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ សូមកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើក ច្រើនសារក្នុងខេត្តកំពង់ស្ពឺ។ ជាពិសេសសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា បាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានិភ័យ នៃការរាតត្បាតដោយជំងឺកូវីដ-១៩ និងសូមអរគុណដល់អាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះមុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ។
លោកជំទាវ បានបញ្ជាក់ទៀតថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ បន្តទៅទៀត។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និងគោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ៕អត្ថបទ រដ្ឋា









