ឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌា កំពុងព្រមានប្រឆាំងចំពោះការយកលាមកគោ ប្រើប្រាស់ទៅតាមជំនឿដែលថា លាមកគោនេះនឹងជាឱសថព្យាបាលជំងឺ Covid-19 ដោយនិយាយថា ពុំមានភស្តុតាងវេជ្ជសាស្ត្រមួយបង្ហាញ ពីប្រសិទ្ធភាពរបស់លាមកគោនេះទេ ផ្ទុយទៅវិញវាប្រឈមនឹងការឆ្លងរាលដាលជំងឺផ្សេងៗទៀត។

វីរុសរាតត្បាតសកលកូរ៉ូណា បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសឥណ្ឌា ដែលបច្ចុប្បន្ននេះមានអ្នកឆ្លងជាង ២២លាន ៦៦ម៉ឺននាក់ និងស្លាប់ ២៤៦,១១៦នាក់។ ក្រុមអ្នកជំនាញជឿថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះពី ៥ ទៅ ១០ដង។ ហើយប្រជាពលរដ្ឋទូទាំងប្រទេសកំពុងព្យាយាមស្វែងរកគ្រែមន្ទីរពេទ្យ, អុកស៊ីសែន, ថ្នាំពេទ្យ ដែលបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ដោយសារកង្វះការព្យាបាល។
នៅក្នុងរដ្ឋ Gujarat អ្នកមានជំនឿមួយចំនួនបានទៅក្រោលគោ ១ដងក្នុងមួយសប្ដាហ៍ដើម្បីយកលាមក និងទឹកនោមគោលាបលើដងខ្លួនរបស់ពួកគេ ដោយសង្ឃឹមថានឹងជួយប្រឆាំងភាពស៊ាំនៃមេរោគ ឬជួយពួកគេឲ្យធូរស្រាលពីវីរុសកូរ៉ូណា។ ខណៈដែលអ្នកចូលរួមរង់ចាំឲ្យលាមក និងទឹកនោមគោលាយគ្នាដែលបានលាបលើខ្លួនស្ងួត ពួកគេបានឱប ឬគោរពសត្វគោនៅក្នុងក្រោល ហើយហាត់ yoga ដើម្បីបង្កើនកម្រិតថាមពលក្នុងខ្លួនរបស់ពួកគេ៕
អត្ថបទ៖ សុខមាន