អ៊ុយក្រែន៖ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរបស់ខ្លួនវាយដណ្ដើមបានភូមិចំនួន៣នៅក្នុងភាគខាងត្បូងរបស់ខ្លួន ជាភូមិឋានទើបរំដោះបានលើកដំបូង ដែលខ្លួនបានរាយការណ៍ចាប់តាំងពីបើកការវាយបកកាលពីចុងសប្ដាហ៍នេះ ។

កងកម្លាំងរបស់រដ្ឋធានីគីវ(Kyiv)បង្ហោះវីដេអូដែលពុំបានផ្ទៀងផ្ទាត់ បង្ហាញពីកងទ័ពកំពុងលើកទង់ជាតិអ៊ុយក្រែន នៅឯអគាររងការបំផ្លិចបំផ្លាញដោយគ្រាប់បែកនៅក្នុងភូមិ ប្លាដូដាតណេ(Blahodatne) ក្នុងតំបន់ Donetskនិងចងទង់អង្គភាពរបស់ពួកគេនៅក្នុងភូមិក្បែរនោះគឺភូមិ ណេគូឈ្នី (Neskuchne)។
លោក វ៉ាឡឺរី ហ្សឺហ្សិន(Valeryi Shershen) អ្នកនាំពាក្យអង្គភាពយោធា Tavria របស់អ៊ុយក្រែន បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា យើងកំពុងមើលឃើញលទ្ធផលដំបូងនៃសកម្មភាពវាយបក ជាលទ្ធផលដែលបានកំណត់ក្នុងមូលដ្ឋាន។

ក្រោយមក អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយថា អ៊ុយក្រែន បានដណ្ដើមកាន់កាប់ភូមិ Makarivka ជាភូមិមួយស្ថិតនៅភាគខាងត្បូង និងបានវាយរុលទៅមុខចន្លោះ ៣០០ ទៅ ១.៥០០ ម៉ែត្រ ក្នុងទីសដៅ២នៅលើសមរភូមិមុខភាគខាងត្បូង។
សារព័ត៌មាន Reuters មិនអាចផ្ទៀតផ្ទាត់របាយការណ៍សមរភូមិទាំងនោះបានទេ៕