ម៉ុងតេណេហ្គ្រោ៖ មជ្ឈមណ្ឌសម្រាប់តាមដាននិងស្រាវជ្រាវការស្ទង់មតិ (CEMI) បាននិយាយដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃការព្យាករណ៍លើលទ្ធផលពីគំរូនៃការិយាល័យបោះឆ្នោតថា គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុប (PES) របស់ប្រទេសម៉ុងតេណេហ្គ្រោ ឈ្នះបានសំឡេងគាំទ្រ ២៥,៥ភាគរយ ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា)។

រីឯគណបក្សសង្គមនិយមប្រជាធិបតេយ្យគាំទ្រអឺរ៉ុប (DPS) ដែលគ្រប់គ្រងប្រទេសម៉ុងតេណេហ្គ្រោ នៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០២០ បានជាប់លំដាប់ទី ២ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ២៣,៨ភាគរយ។
គណបក្សចលនាអឺរ៉ុបបច្ចុប្បន្ន ឬ PES ដែលមានគោលនយោបាយគាំទ្រសហភាពអឺរ៉ុប ហើយក៏ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសស៊ែរប៊ី ដែលជាប្រទេសជិតខាងនោះ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបានដឹកនាំប្រទេសតែឯងនោះទេ ហើយនឹងត្រូវស្វែងរកដៃគូនៅក្នុងសភាដែលមាន៨១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។
មេដឹកនាំរបស់គណបក្សចលនាអឺរ៉ុបបច្ចុប្បន្នឬ PES លោក Milojko Spaic បាននិយាយថា វាជាការទទួលបានលទ្ធផល «យ៉ាងអស្ចារ្យ» ដោយសារគណបក្សនេះ ទើបបង្កើតបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។
លោក Spaic បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក បន្ទាប់ពីលទ្ធផលបឋមត្រូវបានប្រកាសថា៖ «ខ្ញុំមិនគិតថា រឿងនេះធ្លាប់កើតមានពីមុននោះទេ នៅអឺរ៉ុប ដែលគណបក្សមិនមានអាសនៈក្នុងសភា ដែលមានដំណើរការតាំងពីខែសីហាឆ្នាំមុន រយៈពេលដប់ខែ ឈ្នះការបោះឆ្នោត និង (មានជ័យជម្នះ) ទល់នឹងអ្នកដែលដណ្តើមក្តោបក្តាប់ធនធានទាំងអស់របស់ប្រទេសនេះ»។

គេរំពឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ នឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខ។គណបក្សចំនួន ១៥និងសម្ព័ន្ធភាព កំពុងប្រជែងគ្នាដណ្តើមយកអាសនៈសភាចំនួន ៨១ នៅក្នុងប្រទេសដែលមានប្រជាជនតែជាង ៦២០.០០០នាក់មួយនេះ៕