ភ្នំពេញ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន មានប្រសាសន៍ថា កងទ័ពកម្ពុជាមិនត្រឹមតែជាស្នូលរ៉ាប់រង ក្នុងកការថែរក្សាសុខសន្ដិភាព សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំជួយររក្សាសន្តិភាពតាមការស្នើរបស់អង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានថ្លែងថា តាមរយៈសមិទ្ធផលនានានៃកងពលតូចលេខ ៧០ នាពេលនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាសក្រើនរម្លឹកអំពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាក្នុងស្មារតីជាធ្លុងមួយក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្សនូវកត្តាសុខសន្ដិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិកម្ពុជា។
សូមជមា្របថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣ នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕អត្ថបទ៖ វ៉ន ដារ៉ា/
