កុមារីកម្ពុជា ២៤នាក់ ត្រូវបានអង្គការផ្កាយសមុទ្រ បញ្ជូនទៅហ្វឹកហាត់បាល់ទាត់ជាមួយគ្រូបង្វឹកអាជីពរបស់ក្លិប Tottenham Hotspurs នៅកោះសាម៉ុយ ប្រទេសថៃ រយៈពេលជិត ១សប្ដាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
ថ្លែងក្នុងឱកាសជូនដំណើរក្រុមបាល់ទាត់កុមារីកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដែលកុមារីកម្ពុជា ទទួលបានឱកាសទៅហ្វឹកហាត់ក្រៅប្រទេស ។ លោកស្រីរំពឹងថា បេសកកម្មមួយនេះ នឹងក្លាយជាបទពិសោធន៍ដ៏សំខាន់សម្រាប់ពួកគេនាពេលអនាគត។
ជាមួយគ្នាដែរ កុមារី ឈាង ចាន់វត្តី បានថ្លែងទាំងអារម្មណ៍អរផង ភ័យផង មុនឡើងយន្ដថា ខ្លួនពិតជាសប្បាយចិត្ត ហើយបានចាត់ទុកនេះគឺជាឱកាសមួយដ៏ល្អ ដើម្បីពង្រឹងសមត្ថភាព ហើយទទួលបានចំណេះដឹងថ្មីៗ សម្រាប់យកមកអនុវត្តនៅប្រទេសរបស់កម្ពុជាវិញ ។
គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រ បានបញ្ជូនកីឡាការិនីទៅហាត់ក្រៅប្រទេសជាមួយគ្រូបង្វឹក Spurs ប៉ុន្ដែកន្លងមក ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA អង្គការលេចធ្លោរមួយនេះ ក៏ធ្លាប់មានការអញ្ជើញគ្រូបង្វឹកពីក្លិបលីគកំពូលអង់គ្លេសមួយនេះ មកបង្ហាត់ដល់កុមារ និងយុវជនរបស់ខ្លួន នៅរាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ លី ឈុនឡា