អ៊ុយក្រែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ថា ខ្លួនត្រូវការទៅកាន់គ្រប់កន្លែងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីពិនិត្យមើល «ចំណុចមិនស្របគ្នា» ក្នុងទិន្នន័យកម្រិតទឹក នៅឯទំនប់ដែលបាក់ Kakhovka ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់រ៉េអាក់ទ័រនានានៅក្នុងរោងចក្រ។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬIAEA លោក Rafael Grossi ដែលនឹងធ្វើដំណើរទៅរោងចក្រនោះ នៅសប្តាហ៍នេះ បាននិយាយថា រង្វាស់ដែលទីភ្នាក់ងារទទួលបានពីច្រកចូលរបស់រោងចក្រ បានបង្ហាញថា កម្រិតទឹករបស់ទំនប់មានកម្រិតថេររយៈប្រហែលមួយថ្ងៃ កាលពីចុងសប្តាហ៍។
លោក Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពស់ទឹកត្រូវបានរាយការណ៍ថា កំពុងបន្តធ្លាក់ចុះ នៅកន្លែងផ្សេងទៀតនៅក្នុងអាងស្តុកទឹកដ៏ធំនេះ ដែលអាចបណ្តាលឲ្យមានភាពខុសគ្នាប្រហែល២ម៉ែត្រ។ កម្ពស់កម្រិតទឹក គឺជាការបង្ហាញកម្រិតថេរដ៏សំខាន់ សម្រាប់ដំណើរការបន្តរបស់ម៉ាស៊ីនបូមទឹក»។

ការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន បានធ្វើឲ្យមានទឹកជំនន់លិចទីក្រុងនានានៅចរន្តទឹកខាងក្រោម និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ ទាំងទំនប់វារីអគ្គិសនី Kakhovka ទាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានរុស្សីកាន់កាប់ តាំងពីដំណាក់ដំបូងនៃការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិឬ IAEA បាននិយាយថា ទឹកចេញពីអាងស្តុកទឹកនេះ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់រោងចក្រ និងរក្សាប្រេងឥន្ធនៈ ដែលបានប្រើហើយ៕