លោក Paul Raguenaud បានស្ញើចសរសើរជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានយ៉ាងអស្ចារ្យ ហើយលោករំពឹងថា នឹងមានការប្រកួតបាល់ទាត់ពិភពលោក World Cup នៅកម្ពុជា នាថ្ងៃអនាគត។
ការលើកឡើងនេះ បន្ទាប់ពីបុរសជនជាតិបារាំងរូបនេះ បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា ក្នុងឆ្នាំ២០២៣ នេះ ។
ភ្ជាប់ជាមួយការសរសើរពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ លោក Paul Raguenaud បានរំឮក និងសរសើរពីការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា កាលពីថ្មីៗ ដែលរៀបចំបានយ៉ាងល្អ ពិសេសពិធីបើក-បិទ ។ រីឯលទ្ធផលបច្ចេកទេសវិញ ក៏ល្អប្រសើរដែរ ។ ហេតុនេះ លោកជឿជាក់ថា កម្ពុជានឹងអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត ហើយលោករំពឹងថា នៅថ្ងៃអនាគត នឹងមានការប្រកួត World Cup នៅកម្ពុជាដែរ ។
គួរដឹងថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ បានក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ និងជាការចងចាំមួយមិនអាចបំភ្លេចបាន សម្រាប់ប្រជាជនកម្ពុជា តំបន់ និងចលនាអូឡាំពិកពិភពលោក ចំពោះទស្សនីយភាពដ៍អស្ចារ្យ ដែលត្រូវបានបង្ហាញក្នុងពិធីបើក-បិទ ក៏ដូចជាការផ្ទុះនូវចលនាមហាជនចូលរួមទស្សនាការប្រកួតកីឡាភ្លុកទឹកភ្លុកដីស្ទើរមិនគួរឲ្យជឿ រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រតិភូអន្ដរជាតិ និងពិភពលោក ។
ក្រឡេកមកចាប់អារម្មណ៍ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ ក៏បានបញ្ចប់ដោយជោគជ័យផងដែរ សម្រាប់ការរៀបចំលើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥០០ម៉ែត្រ ដែលមានអ្នកចូលរួមសរុបជិត ៤ពាន់នាក់៕ អត្ថបទ៖ លី ឈុនឡា