កីឡាករវាយកូនបាល់ស៊ែប Novak Djokovic ទីបំផុតបានបំបែកកំណត់ត្រាកីឡាករឈ្នះជើងឯក Grand Slam ច្រើនបំផុតសរុប ២៣ លើកក្រោយឈ្នះជើងឯក French Open រឺ Roland Garros តាមរយៈជ័យជំនះលើកីឡាករន័រវេស Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានទំលាក់កីឡាករលំដាប់លេខ ១ ពិភពលោក Carlos Alcaraz នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលឡើងមកយកឈ្នះ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រនេះ។
Djokovic ហាក់មានការលំបាកនៅសិតដំបូងដែលអូសបន្លាយដល់ Tie Break មុនពេលដែលយកឈ្នះក្នុង Tie Break ៧-៦(៧-១) ហើយក៏បន្តយកឈ្នះពីរសិតបន្ទាប់ទៀត ៦-៣ និង ៧-៥។
ជើងឯក French Open នេះជាជើងឯក Grand Slam លើកទី ២៣ សម្រាប់ Djokovic វ៉ាផុតកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះ ២២ លើក។
Djokovic ក៏បានក្លាយជាកីឡាករវាយកូនបាល់ដំបូងដែរដែលឈ្នះជើងឯក Grand Slam នីមួយៗយ៉ាងហោចណាស់ ៣ លើក។

បើប្រៀបធៀបទាំងនារី និងបុរស Djokovic នៅឈរលេខ ២ នៅឡើយមានពាន Grand Slam សរុប ២៣ លើក ដូចគ្នានឹង Serena Williams និងតាមពីក្រោយអ្នកកាន់កំណត់ត្រា Margaret Court ដែលឈ្នះសរុប ២៤ លើក។
សម្រាប់ជើងឯកផ្នែកនារី French Open បានទៅកីឡាការិនីលំដាប់លេខ ១ ពិភពលោកប៉ូឡូញ Iga Swiatek ដែលបានយកឈ្នះកីឡាការិនីឆែក Karolina Muchova ដើម្បីលើកពាននៅទីក្រុងប៉ារីសនេះជាលើកទី ៣ ក្នុងអាជីព និងជាពាន Grand Slam លើកទី ៤ ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
