ហុងឌុយរ៉ាស់៖ ប្រទេសហុងឌុយរ៉ាស់ បានបើកស្ថានទូតដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ ២ខែបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរួចមក ។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីនកាង (Qin Gang) និងសមភាគីហុងឌុយរ៉ាស របស់លោកគឺលោក Eduardo Enrique Reina បានចូលរួមក្នុងពិធីបើកនេះដែរ។

លោក ឈីន បាននិយាយថា ការបង្កើតទំនាក់ទំនងការទូតចិន-ហុងឌុយរ៉ាស់ ដោយឈរលើគោលការណ៍ចិនតែមួយ ក្នុងរយៈពេលពីរខែកន្លងទៅនេះ បានសម្រេចបំណងប្រាថ្នាដ៏យូរអង្វែងរបស់ប្រជាជនទាំងពីរ និងបានបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសចិន និងហុងឌុយរ៉ាស់។ លោកបានបន្ថែមថា ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់ផ្លូវដ៏លឿនមួយក្នុងរយៈពេលពីរខែកន្លងមកនេះ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រទេសទាំង២ ស្ដែងឲ្យឃើញថា ការឈរលើគោលការណ៍ចិនតែមួយ គឺជារឿងត្រឹមត្រូវ ដែលត្រូវបានគាំទ្រយ៉ាងលើសលប់ពីសហគមន៍អន្តរជាតិ និងតំណាងឲ្យនិន្នាការដ៏មានឥទ្ធិពលរបស់ពិភពលោក។

ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចបន្តរបស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោក ស៊ី អូម៉ារ៉ា កាសត្រូ(Xiomara Castro) ទៅកាន់ប្រទេសចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ លោកបាននិយាយថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងហុងឌុយរ៉ាស់ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី៕