ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ សម្រាប់អនុវត្តចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងជួយកម្ពុជាឲ្យបានតភ្ជាប់ នូវការធ្វើពាណិជ្ជកម្ម កាន់តែទូលំទូលាយបន្ថែមទៀតទៅក្នុងតំបន់ ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មានគោលបំណងសំខាន់ៗ ជាច្រើន ក្នុងនោះនឹងជួយពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្ដល់ កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ។
ឯកឧត្តមបន្តថា នឹងជួយបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្ម សេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ហើយកាត់បន្ថយការរឹតត្បិត ចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករណ៍បាន ។
ឯកឧត្តម អ្នកនាំពាក្យ បានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម ហើយនឹងជួយកាត់បន្ថយគម្លាត នៃការអភិឌ្ឍរវាងប្រទេសជាសមាជិក ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាព នៃការអភិវឌ្ឍសង្គម ។
ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភាជាតិ នឹងបើកសម័យប្រជុំលើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះ និងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ





