ស៊ូដង់៖ ការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងនៅតែបន្ត ត្រូវបានរាយការណ៍នៅក្នុងផ្នែកជាច្រើន នៃរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីព្រឹកថ្ងៃអាទិត្យភ្លាមៗបន្ទាប់ពីបទឈប់បាញ់រយៈពេល២៤ម៉ោង ដែលបាននាំមកភាពស្ងាប់ស្ងាត់រយៈពេលខ្លី ចំពោះរយៈពេល៨សប្តាហ៍នៃការប្រយុទ្ធគ្នា រវាងក្រុមយោធាជាគូប្រជែង។

សាក្សី បាននិយាយថាការប្រយុទ្ធគ្នាបានបន្ត បន្ទាប់ពីបទឈប់បាញ់បានផុតពេលកំណត់នៅម៉ោង៦ព្រឹក ម៉ោងក្នុងតំបន់ នៅខាងជើងទីក្រុង Omdurman ជាទីក្រុងមួយក្នុងចំណោមទីក្រុងជាប់គ្នាចំនួន៣ រួមជាមួយរដ្ឋធានី Khartoum និង ទីក្រុង Bahri ដែលបង្កើតរដ្ឋធានីនៅជុំវិញទីប្រសព្វនៃទន្លេនីល។
ពលរដ្ឋនិយាយថា មានការបាញ់កាំភ្លើងធំ ចូលទៅតំបន់ Sharq el-Nil ជាយរដ្ឋធានីភាគខាងកើត នៅ ជុំវិញស្ពានមួយកន្លែងតភ្ជាប់ទីក្រុង Omdurman និងទីក្រុង Bahri ហើយការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានី Khartoum។

ជម្លោះរវាង កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ជុំវិញភាពតានតឹងពាក់ព័ន្ធទៅនឹងផែនការគាំទ្រជាអន្តរជាតិសម្រាប់អន្តរកាលឆ្ពោះទៅរកការគ្រប់គ្រងបែបស៊ីវិល។
ជម្លោះនេះ បានធ្វើឲ្យពលរដ្ឋជាង១,៩លាននាក់ភៀសខ្លួនចេញ ដែលកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំ ដែលគំរាមដល់ការរាលដាល់នៅទូទាំងតំបន់គ្រោះថ្នាក់។
ការប្រយុទ្ធគ្នាបានផ្តោតនៅក្នុងរដ្ឋធានី ដែលភាគច្រើនបានក្លាយជាតំបន់សង្គ្រាមមួយដែលញាំញីដោយការចូលលួច និងការប៉ះទង្គិចគ្នា៕