អាមេរិក៖ មន្ត្រីទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មួយផ្នែកធំនៃផ្លូវហាយវេនៃទីក្រុងនេះ បានរលំបាក់ បន្ទាប់ពីមានរថយន្តបានឆេះនៅពីក្រោមផ្លូវនោះ។ គ្មានរបាយការណ៍ពាក់ព័ន្ធនឹងការមានរបួសនោះឡើយ។

ផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីគំនរបាក់បែកនៃចំណែកផ្លូវដែលរលំបាក់នៃគន្លងផ្លូវដែលសំដៅទៅទិសឧត្តរ I-95 ដែលជារដ្ឋភាគខាងជើងដ៏សំខាន់ នៅឆ្នេរខាងកើត។ រូបភាពវីដេអូបង្ហាញឲ្យឃើញពីរថយន្តសង្គ្រោះបន្ទាន់ និងកម្មករ ជួបជុំគ្នានៅទីកន្លែងនេះ។
ចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេទាំងប្រាំបីគន្លង ត្រូវបានផ្អាកដោយសារតែមានការបារម្ភអំពីស្ថិរភាពរចនាសម្ព័ន្ធនៃគន្លងផ្លូវដែលឆ្ពោះទៅទិសខាងត្បូងផ្សេងទៀត។
លោក Derek Bowmer ប្រធានកងវរសេនាតូចពន្លត់អគ្គិភ័យ នៅទីក្រុង Philadelphia បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងមួយផ្នែកធំ ដែលឆេះរថយន្តមួយគ្រឿង។
លោក Bowmer បាននិយាយថា៖ «ពួកយើងបានព្យាយាមពន្លត់ភ្លើង។ យើងបានបង្កើនសមត្ថភាពឧបករណ៍ដើម្បីទប់ស្កាត់សារធាតុគ្រោះថ្នាក់ ដោយសារតែយើងទទួលបានការរាយការណ៍ថា វាអាចជារយន្តដឹកប្រេង ឬអ្វីមួយដែលលក្ខណៈស្រដៀងគ្នា។

លោក Bowmer បានបន្ថែមថា ក្រុមការងារនឹងធ្វើការ «មួយរយៈ» ដោយព្យាយាមកំណត់ថា តើប្រេងឥន្ធនៈ ឬឧស្ម័ន អាចត្រូវបានធ្វើឲ្យខូចខាតដោយឧបទ្ទវហេតុនេះ។
ចំណែកលោក Dominick Mireles នាយកការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានថ្លែងថា ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានពីឧបទ្ទវហេតុនេះទៅលើបរិស្ថាន ដោយសារតែហេតុការណ៍នេះកើតឡើងនៅជិតទន្លេ Delaware៕