ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា មនុស្ស២៧នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ២៦នាក់ក្នុងចំណោមអ្នកឆ្លង ២៧នាក់នេះ ត្រូវបានរកឃើញនៅក្នុងសង្កាត់នានា ដែលជាផ្នែកមួយនៃតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ អ្នកជំងឺកូវីដ១៩ទាំងអស់ខាងលើ ត្រូវបានរកឃើញនៅក្នុងភូមិចំនួន៦ដែលភូមិ៥ ស្ថិតក្នុងសង្កាត់លេខ៤ មានចំនួនច្រើនជាងគេរហូតដល់ ១៥នាក់ បន្ទាប់មកភូមិ១សង្កាត់លេខ១ ចំនួន០៨នាក់ ភូមិ២ សង្កាត់លេខ៤ ចំនួន០១នាក់ ភូមិ៣ សង្កាត់លេខ២ចំនួន០១នាក់ ភូមិលេខ៣ សង្កាត់លេខ៣ចំនួន០១នាក់ និងភូមិពូធឿងចំនួន០១នាក់។
បន្ថែមពីនោះទៀត រដ្ឋបាលខេត្តព្រះសីហនុក៏បានអំពាវនាវដល់ដែលធ្លាប់បានប្រាស្រ័យពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់ទៅផ្ដល់សំណាក់ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ ត្រូវប្រញាប់ទាក់ទងទៅមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២០ ២២៣នាក់គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕អត្ថបទ ៖ សុធី
