រុស្ស៊ី៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានព្យាយាមវាយប្រហារពុំបានជោគជ័យលើនាវាកងទ័ពជើងទឹករុស្ស៊ី ដោយប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿនចំនួន ៦គ្រឿង ស្របពេលដែលនាវារបស់ពួកគេ ល្បាតបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួន នៅក្នុងសមុទ្រខ្មៅ ។
នាវាចម្បាំង Priazovye បានចុះល្បាតអ្វីដែលក្រសួងការពារជាតិរុស្ស៊ីនិយាយថា គឺជាការតាមដានស្ថានភាព និងធានាសន្តិសុខតាមផ្លូវបំពង់បង្ហូរឧស្ម័ន TurkStream និង Blue Stream នៅតំបន់ភាគអាគ្នេយ៍សមុទ្រខ្មៅ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែនបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ នៅចម្ងាយប្រហែល ៣០០គ.ម គ ភាគអាគ្នេយ៍មូលដ្ឋានទ័ព Sevastopol ដែលជាមូលដ្ឋានកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ស្ថិតនៅឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។
ក្រសួងការពារជាតិរុស្ស៊ី បន្តទៀតថា នៅពេលវាយប្រហារ យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ស្ថិតនៅកណ្តាលសមុទ្រខ្មៅ ។ ពួកគេបញ្ជាក់ថា នាវា Priazovye បន្តភារកិច្ចដែលបានកំណត់របស់ពួកគេដដែល ៕

