ប្រភពព័ត៌មានពីក្រុមន្រ្តី និងក្រុមភ្នាក់ងារសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា ភ្ញៀវទេសចរអង់គ្លេស ៣នាក់ បានបាត់ខ្លួន ហើយមនុស្ស ១២នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយហេតុការណ៍អគ្គិភ័យលើទូកទេសចរណ៍អេហ្ស៊ីបនៅតំបន់ឆ្នេរសមុទ្រក្រហម ។

យោងតាមសេចក្តីរាយការណ៍ពីការិយាល័យរដ្ឋ Red Sea និងប្រភពចំនួន ២របស់ក្រុមភ្នាក់ងារសន្តិសុខ បានឲ្យដឹងថា អ្នករស់រាន ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពស្ថិតនៅរមណីយដ្ឋាន Marsa Shagraដែលមានចម្ងាយប្រហែល ២១គ.មភាគខាងជើងទីក្រុង Marsa Alam ។
វីដេអូរបស់សាក្សី ឃើញអណ្តាតភ្លើង និងផ្សែងហុយពីទូកទេសចរណ៍មួយគ្រឿង ដែលបានឆាបឆេះជាអគ្គិភ័យកាលពីថ្ងៃអាទិត្យ នៅជិតតំបន់ឆ្នេរសមុទ្រក្រហមរបស់អេហ្ស៊ីប ។
វីដេអូនេះ ថតបានដោយភ្ញៀវទេសចរគូវែត នៅលើទូកដែលជួយសង្រ្គោះ ។ គេមើលឃើញបុរសម្នាក់ លោតចេញពីទូក ពេលដែលក្រុមជួយសង្រ្គោះរង់ចាំនៅខាងក្រោមនៅលើទូកពោង ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅលើទូកឈ្មោះ Hurricaneដែលបានធ្វើដំណើរកម្សាន្តចាប់តាំងពីថ្ងៃទី ៦ ខែមិថុនារហូតមក នៅតំបន់ភាគខាងជើងទីក្រុង Marsa Alam ៕
