ប្រជាពលរដ្ឋរស់នៅទីក្រុងភាគអាគ្នេយ៍ Annecyប្រទេសបារាំង បានជួបជុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារដោយកាំបិទ ដែលបានធ្វើឲ្យរងរបួសក្មេងតូចៗ ៤នាក់ និងនិវត្តន៍ជន២នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

រដ្ឋបាលក្រុង Annecyដែលបានអំពាវនាវឲ្យមានការដង្ហែក្បួននៅក្បែរបឹងស្ថិតក្នុងសួនកម្សាន្ត Le Paquier(ឡាផាគឃ្យេ) ជាកន្លែងដែលការវាយប្រហារកើតឡើងនោះ បានផ្តល់រង្វាន់កិត្តិយសដល់អ្នកដែលព្យាយាមរារាំងខ្មាន់កាំបិត មុនពេលត្រូវបានបង្រ្កាបដោយក្រុមនគរបាល ។
លោក Francois Astorg (ហ្វ្រង់ស្វ៊័រអាស្ត) គឺជាអភិបាលក្រុង Annecy និយាយប្រាប់ហ្វូងមនុស្សថា ការវាយប្រហារនេះ គឺជាសោកនាដកម្មធ្វើឲ្យប៉ះពាល់ដល់ទីក្រុងរបស់ពួកយើង ប្រទេសរបស់ពួកយើង និងពិភពលោកទាំងមូល ។

ជនសង្ស័យដែលជាជនភៀសខ្លួនស៊ីរី ស្ថិតក្រោមការស៊ើបអង្កេតផ្លូវការពីបទប៉ុនប៉ងមនុស្សឃាត ហើយត្រូវបានឃុំឃាំង កាលពីថ្ងៃសៅរ៍ ។
លោក Line Bonnet-Mathis គឺជារដ្ឋអាជ្ញាក្រុង Annecy និយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា អ្នករងរបួសលែងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៀតហើយ បើទោះបីជាកុមារ ៤នាក់ នៅស្ថិតក្នុងមន្ទីរពេទ្យក៏ដោយ ៕
