រដ្ឋភាគខាងលិច Gujarat, Maharashtra, Goa និងតំបន់ឆ្នេរផ្សេងទៀតរបស់ប្រទេសឥណ្ឌា ស្ថិតក្រោមការប្រកាសអាសន្ន ក្រោយក្រុមឧតុនិយមព្រមានកាលពីថ្ងៃអាទិត្យថា ព្យុះស៊ីក្លូន Biparjoy នៅសមុទ្រអារ៉ាប់ នឹងមានកម្លាំងខ្យល់បក់ខ្លាំង ។

ព្យុះស៊ីក្លូន Biparjoy នឹងបោកបក់ទៅលើតំបន់ភាគខាងត្បូងប្រទេសប៉ាគីស្ថានផងដែរ នៅពាក់កណ្តាលសប្តាហ៍នេះ ។
ក្រុមអាជ្ញាធរ បានស្នើសុំឲ្យសហគមន៍នេសាទ បញ្ឈប់ប្រតិបត្តិការរយៈពេល ៤ថ្ងៃបន្ទាប់នៅតាមតំបន់ភាគខាងកើត និងភាគកណ្តាលសមុទ្រអារ៉ាប់ ហើយនិងនៅតាមតំបន់ Saurastra និងតំបន់ Kutch របស់ប្រទេសឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Biparjoy ។
លោក Mrityunjay Mohapatra គឺជាអគ្គនាយកក្រសួងឧតុនិយមឥណ្ឌា និយាយថា ការកញ្ជ្រោលរបស់ព្យុះ នឹងជនលិចតំបន់ទាបៗនៅតាមតំបន់ទាំងអស់នេះ ។ ក្រៅពីនោះ ពួកយើងរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង នៅតាមកន្លែងជាច្រើនទៀត ។
ក្រសួងឧតុនិយម បានព្រមានផងដែរពីភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ដាច់ស្រយោលនៅរដ្ឋ Kerala និងតំបន់ឆ្នេរ Karnataka នៅរយៈពេល ២ថ្ងៃទៀត ។
ក្រុមការងារមកពីកងកម្លាំងគ្រោះមហន្តរាយជាតិ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលនឹងរងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន Biparjoy ៕
