ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ការងារបានចាប់ផ្តើមរួចហើយក្នុងការស៊ើបអង្កេតដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ពាក់ព័ន្ធនឹងការបាក់ទំនប់ Kakhovkaដែលបានបង្កឲ្យមានការជន់លិច ។

លោក Zelenskiy បាននិយាយនៅក្នុងសន្ទរកថា ជាវីដេអូនៅពេលយប់របស់លោកថា ក្រុមអ្នកតំណាងមកពី ICC បានធ្វើដំណើរទៅកាន់តំបន់ Kherson កាលពីរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
លោកបន្តថា នៅថ្ងៃដំបូងក្រោយគ្រោះមហន្តរាយ ការិយាល័យអគ្គរដ្ឋអាជ្ញា បានផ្ញើសំណើឆ្លើយឆ្លងទៅកាន់ ICCពាក់ព័ន្ធនឹងការស៊ើបអង្កេតលើគ្រោះមហន្តរាយមួយនេះ ហើយការងារ បានចាប់ផ្តើមរួចហើយ ។
លោក Zelenskiy បាននិយាយថា វាសំខាន់ខ្លាំងណាស់កាលដែលក្រុមអ្នកជំនាញច្បាប់អន្តរជាតិ ពិនិត្យមើលលទ្ធផលគ្រោះមហន្តរាយ រួមទាំងឧបទ្ទេវហេតុផ្លោងគ្រាប់កាំភ្លើងធំនៅក្នុងតំបន់រងការជន់លិច ។
ក្រុមមន្រ្តី និយាយថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ពេលដែលរុស្ស៊ីបាញ់ផ្លោងគ្រាប់កាំភ្លើងលើទូកដឹកអ្នកជម្លៀសខ្លួន ។
លោកថា ក្រុមជួយសង្រ្គោះអ៊ុយក្រែន បានជម្លៀសអ្នកស្រុក ៤ពាន់នាក់ ចេញពីតំបន់រងផលប៉ះពាល់ រួមទាំងតំបន់ស្ថិតតាមច្រាំងខាងកើតទន្លេ Dnipro ដែលគ្រប់គ្រងដោយរុស្ស៊ី ៕
