ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (១១ មិថុនា)ថា ភ្លៀងធ្លាក់ខ្លាំងអមដោយខ្យល់កន្រ្តាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ក្នុងនោះមានកុមារ ៨ នាក់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ព្យុះនេះបានបោកបក់ប៉ះស្រុកចំនួនបួននៃខេត្ត Khyber Pakhtunkhwa កាលពីល្ងាចថ្ងៃសៅរ៍ ដោយមានកុមារដែលជាបងប្អូនមានគ្នាប្រាំនាក់អាយុចន្លោះពី ២ឆ្នាំ ទៅ ១១ឆ្នាំ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
លោក Taimur Ali Khan អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននិយាយថា មនុស្សជាង ១៤០ នាក់បានរងរបួស និងបសុសត្វជាង ២០០ ក្បាលបានស្លាប់។ ក្រុមអាជ្ញាធរបានប្រកាសដាក់តំបន់ទាំង៤នោះក្នុងភាពអាសន្ន។
ក្រុមអាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ពួកគេនឹងចាប់ផ្តើមជម្លៀសប្រជាជនចន្លោះពី ៨.០០០ ទៅ ៩.០០០ គ្រួសារពីតាមបណ្តោយឆ្នេរសមុទ្រនៃខេត្ត Sindh រួមទាំងនៅក្នុងទីក្រុងកំពង់ផែដ៏ធំ Karachi ដែលមានប្រជាជនរស់នៅប្រហែល ២០ លាននាក់៕
