រដ្ឋមន្ត្រីខេត្តមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីចំហេះព្រៃដែលកំពុងឆាបឆេះនៅទូទាំងតំបន់កេបិចបានថយចុះកាលពីថ្ងៃអាទិត្យ (១១ មិថុនា) ខណៈដែលក្រុមពន្លត់អគ្គិភ័យនៅក្នុងតំបន់នានានៃប្រទេសកាណាដា បានគ្រប់គ្រងចំហេះព្រៃនៅក្នុងតំបន់មួយចំនួន។

គិតត្រឹមថ្ងៃច័ន្ទ ក្រុមពន្លត់អគ្គិភ័យប្រហែល ១.២០០ នាក់ រួមទាំងជាង១០០ នាក់មកពីប្រទេសបារាំង និងមួយចំនួនមកពីខេត្តផ្សេងទៀត ត្រូវបានគេរំពឹងថានឹងកំពុងប្រយុទ្ធនឹងអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនៅទូទាំងខេត្តកេបិច។
អ្នកឧតុនិយមម្នាក់របស់រដ្ឋាភិបាលសហព័ន្ធបានព្យាករណ៍កាលពីថ្ងៃសៅរ៍ថា ខេត្តកេបិចអាចទទួលបានភ្លៀងធ្លាក់តិចតួចនៅថ្ងៃអង្គារនៅតំបន់ចំហេះព្រៃមួយចំនួន។
លោក Karley Desrosiers មន្ត្រីព័ត៌មាននៃសេវាចំហេះព្រៃបាននិយាយថា ខ្យល់បក់ប្តូរទិសដៅបានជួយក្រុមពន្លត់អគ្គិភ័យប្រយុទ្ធនឹងភ្លើងដែលឆាបឆេះនៅតំបន់ជើងភ្នំ ប៉ុន្តែសីតុណ្ហភាពកាន់តែក្តៅ និងស្ងួតហួតហែងកាលពីថ្ងៃអាទិត្យអាចបណ្តាលឱ្យភ្លើងឆេះរាលដាលកាន់តែខ្លាំង៕
