វេសបែង៖ អ្នកស្រុកនិយាយថា កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញចោលផ្នែកខ្លះ នៃលំនៅឋានចំនួន ៤កន្លែងដែលគេគិតថា ត្រូវបានសាងសង់ដោយខុសច្បាប់កាលពីថ្ងៃច័ន្ទ ក្នុងភូមិអាល់វ៉ាឡាជេជិតទីក្រុងហ្ស៊េរ៉ុយសាឡឹមក្នុងតំបន់ West Bank។
ការប្រទូសរ៉ាយទាំងនោះបានផ្ទុះឡើងរវាងប្រជាពលរដ្ឋ និងក្រុមមន្ត្រីនគរបាលការពារព្រំដែន ដែលសម្រុកចូលទៅក្នុងលំនៅឋានរបស់ពលរដ្ឋទាំងនោះ ដើម្បីទប់ពួកគេកុំឲ្យរំខានក្នុងការវាយកម្ទេចលំនៅឋាន។ បងប្រុសម្នាក់ក្នុងចំណោមម្ចាស់ផ្ទះទាំងនោះ លោក អាបេតអាល់ ហាលីមហាចាឡេ បានប្រាប់សារព័ត៌មាន Reuters ថា ប្អូនប្រុសរបស់លោកបានគោរពតាមបញ្ជារបស់សាលាក្រុង ដែលទាមទារឲ្យបញ្ឈប់ការសាងសង់សំណង់ទាំងនោះហើយ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះចំនួន ៤កន្លែងបាននិយាយថា ពួកគេនឹងសម្អាតផ្នែកនានាដែលត្រូវបានវាយកម្ទេច និងបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេតទៅទៀត ព្រោះថាពួកគេគ្មានកន្លែងត្រូវស្នាក់នៅនោះទេ៕
អត្ថបទ៖ សុខមាន

