ឧត្តរមានជ័យ ៖ រោងចក្រផលិត ថាមពលអគ្គិសនី ដោយការ ដុតធ្យូងថ្ម ដែលមានកម្លាំងរហូតដល់ទៅ២៦៥ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនHan Seng Coal Mine Co Ltd មានទីតាំងស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គ្រោងនឹងដំណើរប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងការចែកចាយប្រភពចរន្តអគ្គិសនីជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យទទួលបន្ទុករ៉ែថាមពល បានឲ្យដឹងថា ការវិនិយោគលើរោងចក្រផលិតថាមពលអគ្គិសនី ដោយការប្រើពីការដុតធ្យូងថ្ម ដែលមានកម្លាំង២៦៥ មេហ្គាវ៉ាត់ នៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ចំណាយថវិកាសាងសងរហូតដល់ទៅ២៩៤,៣ លាន ដុល្លារ គ្រោងដំណើរការនៅចុងឆ្នាំ២០២១ ដោយប្រើប្រាស់ប្រភេទរ៉ែ ធ្យូងថ្មដែលមានប្រភពនៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យស្រាប់។
លោក បន្តថា គម្រោងរោងចក្រដុតធ្យូងថ្មនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការងារ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ នឹងអាចជួយដល់ការផ្គត់ផ្គង់ប្រភពថាមពល អគ្គិសនី ចូលទៅក្នុងបណ្តាញជាតិផងដែរ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យយើងទទួលបានប្រភពថាមពលអគ្គិសនី ដែលប្រើប្រាស់ដោយការដុតធ្យូងថ្ម អាចប្រើប្រាស់បានគ្រប់គ្រាន់ សម្រាប់តម្រូវក្នុងស្រុក នឹងអាចផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋមានការងារធ្វើ ក្នុងស្រុកលើវិស័យមួយនេះបានយ៉ាងប្រសើរ ជៀសវាងការចំណាកស្រុកផងដែរ៕
អត្ថបទ ៖ សារិទ្ធ




