ប្រេស៊ីល ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានជួបជុំគ្នានៅរុក្ខវិថី Avenida Paulista ស្ថិតក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល បង្កបរិយាកាសសប្បាយរីករាយ ពេលដែលពួកគេច្រៀង-រាំ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាឥន្ទធនូប្រចាំឆ្នាំរបស់មនុស្សស្រលាញ់ភេទដូចគ្នា ដោយទាក់ទាញមនុស្សយ៉ាងច្រើនមកពីទូទាំងប្រទេសប្រេស៊ីល និងជុំវិញពិភពលោក ការប្រារព្ធពិធីក្នុងឆ្នាំនេះ បានចាប់ផ្តើមលឿនជាងសព្វមួយដង ពេលដែលក្រុមសកម្មជនមនុស្សស្រលាញ់ភេទដូចគ្នា LGBT និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានជួបជុំគ្នានៅក្នុងព្រឹត្តការណ៍មហាអស្ចារ្យមួយនេះ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយអង្គការមិនរកប្រាក់ចំណេញ APOGLBT ហើយនិងរីកកាន់តែធំ ចាប់តាំងពីការដង្ហែព្យុហយាត្រាឥន្ទធនូមនុស្សស្រលាញ់ភេទដូចគ្នាលើកដំបូងនៅទីក្រុង Sao Paulo កាលពីឆ្នាំ ១៩៩៧ ដែលនៅពេលនោះ បានទាក់ទាញអ្នកចូលរួមត្រឹមតែ ២ពាន់នាក់ប៉ុណ្ណោះ ។
នៅក្នុងពិធីដង្ហែព្យុហយាត្រានេះដែរ គេមើលឃើញអ្នកចូលរួមស្លៀកពាក់ចម្រុះពណ៌ និងអបអរសាទរចំពោះលក្ខណៈបែបនេះ នៅតាមដងផ្លូវក្នុងទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីលមួយនេះ ៕

