ចិន ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១១ មិថុនា) ថា សំណុំទឹកកកដែលមានអង្កត់ផ្ចិត៥ សង់ទីម៉ែត្របានវាយលុកខេត្តជាំងស៊ូ (Jiangsu) របស់ប្រទេសចិន។
ព្យុះសំណុំទឹកកកនេះបានបោកបក់ពាសពេញតំបន់ជាច្រើនកាលពីថ្ងៃសៅរ៍ (១០ មិថុនា) ហើយខេត្តជាច្រើនក៏បានជួបនឹងភ្លៀងធ្លាក់ខ្លាំងផងដែរ។ ខ្សែបណ្តាញអគ្គិសនីនៅទីក្រុងប៉ៃទៀន (Baidian) ក្នុងខេត្តជាំងស៊ូ ត្រូវបានរន្ទះបាញ់បណ្តាលឲ្យដាច់ចរន្តអគ្គិសនីដល់លំនៅឋានចំនួន ១៥០ គ្រួសារ។
យោងតាមមន្ទីរឧតុនិយមខេត្តជាំងស៊ូ បានឲ្យដឹងថា ភ្លៀងដ៏ខ្លាំងត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃពុធ (១៤ មិថុនា)។
ក្រុមអាជ្ញាធរឧតុនិយមរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានបន្តការប្រកាសអាសន្នពណ៌ខៀវ ដែលជាកម្រិតទាបបំផុតនៃប្រព័ន្ន្ធប្រកាសអាសន្ន៤កម្រិតរបស់ប្រទេសនេះសម្រាប់ព្យុះភ្លៀងនៅក្នុងតំបន់រួមមាន តំបន់គ័ងស៊ី (Guangxi), តំបន់គ័ងតុង (Guangdong), តំបន់ហៃណាន (Hainan), តំបន់ហឺណាន (Henan) និងតំបន់ហ៊ូប៉ី (Hubei) ។ កម្ពស់ទឹកភ្លៀងរហូតដល់ ១២០ មីលីម៉ែត្រ (៤,៧ អ៊ីង) ត្រូវបានគេរំពឹងថានឹងធ្លាក់នៅភាគខាងជើងនៃខេត្តហៃណាន (Hainan)៕

