អ៊ុយក្រែន ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ុយក្រែន និងរុស្ស៊ី បានប្រកាសក្នុងពេលដំណាលគ្នាពីការដោះដូរអ្នកទោសជិត ១០០នាក់ ពីភាគីម្ខាងៗ ។
សេវាកម្មសន្តិសុខអ៊ុយក្រែន បានបញ្ចេញវីដេអូឃើញទាហានអ៊ុយក្រែនមានសេរីភាព វិលត្រឡប់មកវិញដោយជិះរថយន្តក្រុង ។
លោក Andriy Yermak គឺជាប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហានអ៊ុយក្រែន ៩៥នាក់ ត្រូវបានប្រគល់មកវិញ ដែលរួមទាំងទាហានរងរបួសផងដែរ ។ ពួកគេរួមបញ្ចូលទាំងសមាជិកឆ្មាំជាតិ និងឆ្មាំព្រំដែន ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ទាហានរុស្ស៊ី ៩៤នាក់ដែលត្រូវបានចាប់ធ្វើជាឈ្លើយសឹកនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដោះលែងវិញ បន្ទាប់ពីការចរចា ហើយនិងត្រូវបញ្ជូនទៅកាន់វិស្ថានសុខាភិបាល ដើម្បីពិនិត្យសុខភាពពួកគេ ៕

