
រដ្ឋមន្ត្រីក្រសួងថាមពលរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសនេះ មានបំណងសហការ ពុំមែនប្រកួតប្រជែងជាមួយប្រទេសចិន ដោយបញ្ជាក់ថាប្រទេសនេះមិនអើពើចំពោះមន្ទិលសង្ស័យរបស់ប្រទេសលោកខាងលិចនោះទេជុំវិញទំនាក់ទំនងដែលកំពុងកើនឡើង។
ក្នុងនាមជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមួយប្រទេសប្រើប្រាស់ថាមពលធំបំផុតរបស់ពិភពលោក មានភាពរឹងមាំតាមរយៈទំនាក់ទំនងអ៊ីដ្រូកាបូន។ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងទីក្រុងរីយ៉ាត និងទីក្រុងប៉េកាំងកាន់តែមានភាពស៊ីជម្រៅផងដែរក្នុងផ្នែកសន្តិសុខ និងបច្ចេកវិទ្យាដ៏ចម្រូងចម្រាស ស្របពេលមានទំនាក់ទំនងនយោបាយកាន់តែល្អប្រសើរឡើង ដែលធ្វើឲ្យមានកង្វល់ដល់សហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរអំពីការរិះគន់លើទំនាក់ទំនងទ្វេរភាគី អំឡុងសន្និសីទធុរកិច្ចចិន-អារ៉ាប់ ព្រះអង្គម្ចាស់ Abdulaziz Salman មានបន្ទូលថាព្រះអង្គពិតជាមិនខ្វល់ខ្វាយពីរឿងនោះទេ ព្រោះថាក្នុងនាមជាពាណិជ្ជករម្នាក់ ពេលនេះឱកាសមកដល់អ្នកត្រូវតែចាប់យកឱ្យបាន។ យើងមិនត្រូវប្រឈមនឹងជម្រើសណាមួយដែលត្រូវធ្វើជាមួយយើងឬអ្នកដ៏ទៃទៀត។
សហគ្រិននិងអ្នកវិនិយោគជនជាតិចិន បានសម្រុកទៅកាន់ ទីក្រុងរីយ៉ាតដើម្បីចូលរួមសន្និសីទ ដែលបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
