NATO ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) នឹងចាប់ផ្តើមសមយុទ្ធដាក់ពង្រាយទ័ពអាកាសដ៏ធំបំផុត នៅអឺរ៉ុប ក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធភាពយោធានេះ នៅថ្ងៃចន្ទទី១២ ខែមិថុនានេះ ដើម្បីជាការបង្ហាញនូវការរួបរួមឆ្ពោះទៅរកភាពជាដៃគូ និងត្រៀមសម្រាប់ទប់នឹងការគំរាមកំហែងដែលអាចនឹងកើតមាន ដូចជារុស្ស៊ីជាដើម។
យន្តហោះ «Air Defender 23» ដែលដឹកនាំដោយប្រទេសអាល្លឺម៉ង់ នឹងប្រតិបត្តិការរហូតដល់ថ្ងៃទី២៣ ខែមិថុនា ហើយរួមបញ្ចូលទាំងយន្តហោះយោធាប្រហែល ២៥០ មកពីប្រទេសសមាជិក ២៥ របស់អង្គការណាតូ (NATO) និងបណ្តាប្រទេសដៃគូ ដោយក្នុងនោះរួមមានទាំងប្រទេសជប៉ុន និងស៊ុយអែតដែលកំពុងប្រឹងប្រែងសុំចូលជាសមាជិកភាពរបស់សម្ព័ន្ធភាពផងដែរ។
មនុស្សរហូតដល់ ១០.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ ដែលមានបំណងជំរុញអន្តរប្រតិបត្តិការ និងការត្រៀមលក្ខណៈ ដើម្បីការពារប្រឆាំងនឹងយានដ្រូន និងមីស៊ីលតម្រង់គោលដៅ ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែសមុទ្រ នៅក្នុងរង្វង់ទឹកដីរបស់ណាតូ។
ដោយបង្ហាញផែនការនេះ កាលពីសប្តាហ៍មុន លោកឧត្តមសេនីយ៍ឯក Ingo Gerhartz ពីកងទ័ពអាកាសអាល្លឺម៉ង់ បាននិយាយថា «ការការពារដែនអាកាស» ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការបញ្ចូលឧបទ្វីបគ្រីម៉េរបស់ប្រទេសអ៊ុយក្រែន ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពី ៤ឆ្នាំមុន ទោះបីជាការនិយាយនេះ មិនបានកំណត់គោលដៅលើនរណាម្នាក់ក៏ដោយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោកស្រី Amy Gutmann បាននិយាយថា សមយុទ្ធនេះ នឹងបង្ហាញ«ឲ្យឃើញច្បាស់ដោយគ្មានការសង្ស័យពីភាពរហ័សរហួន និងសន្ទុះដ៏លឿននៃកម្លាំងសម្ព័ន្ធមិត្តរបស់យើង» ហើយមានបំណងផ្ញើសារទៅកាន់ប្រទេសនានា រួមទាំងរុស្ស៊ីផងដែរ។
សមយុទ្ធនេះនឹងរួមបញ្ចូលលំហាត់សមកម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រ ដែលរៀបចំឡើងជាចម្បងនៅប្រទេសអាល្លឺម៉ង់ តែក៏មាននៅក្នុងសាធារណរដ្ឋឆែក អេស្តូនី ឡាតវីផងដែរ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងទៅសួរសុខទុក្ខអ្នកបើកយន្តហោះ ដែលមានមូលដ្ឋាន នៅអាកាសយានដ្ឋាន Schleswig-Jagel (ស្លេស្វីក យ៉ាហ្គែល) នៅភាគខាងជើងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ៕

