
រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Matsuno Hirokazu បាននិយាយថា រដ្ឋាភិបាលជប៉ុន បានច្រានចោលការអះអាងរបស់រុស្ស៊ីអំពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការផ្គត់ផ្គង់បរិក្ខារការពារជាតិដល់ប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងមូស្គូលោក Kozuki Toyohisa ដើម្បីប្រាប់លោកថា ផែនការនេះនឹងនាំទៅរកការកាន់តែរីកធំនៃសកម្មភាពអរិភាព និងការការស្លាប់និងរងរបួសកាន់តែច្រើន។
រដ្ឋាភិបាលជប៉ុន មានផែនការផ្តល់ឲ្យអ៊ុយក្រែននូវរថយន្តដឹកទំនិញ ១០០គ្រឿង និងយានយន្តផ្សេងទៀតពីកងកម្លាំងស្វ័យការពារដែនជើងគោក។ ក្រសួងការបរទេសរុស្ស៊ី ចាត់ទុកជំនួយទាំងនេះថា ជា«គ្រឿងយុទ្ធោបករណ៍»។ លោក Matsuno បានប្រាប់អ្នករាយការព័ត៌មានថា ឯកអគ្គរាជទូតជប៉ុនបានច្រានចោលការអះអាងរបស់រុស្ស៊ី។
លោក Matsuno និយាយថាលោក Kozuki បានប្រាប់ទីក្រុងមូស្គូថា ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន បាននាំមកនូវស្ថានភាពបច្ចុប្បន្ន ហើយនោះ គឺជាការប៉ុនប៉ងបង្វែរកំហុសមកលើទីក្រុងតូក្យូ ជារឿងអយុត្តិធម៌បំផុត និងពុំអាចទទួលយកបានទាល់តែសោះ។ ឯកអគ្គរាជទូតត្រូវបានរាយការណ៍ថា បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី គឺជាការបំពានច្បាស់លាស់លើច្បាប់អន្តរជាតិ និងពុំអាចអត់ឱនឲ្យបាន ហើយលោបានជំរុញដ៏ទទូចឲ្យទីក្រុងមូស្គូដកកងទ័ពរបស់ខ្លួនចេញជាបន្ទាន់។
លោក Matsuno បានបញ្ជាក់ ប្រទេសជប៉ុន នឹងបន្តដាក់ទណ្ឌកម្មតឹងរ៉ឺងលើប្រទេសរុស្ស៊ី និងគាំទ្រដោយឥតងាករេចំពោះអ៊ុយក្រែន ដើម្បីជួយបញ្ឈប់ការវាយលុកឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។