
មហាសេដ្ឋីហិរញ្ញវត្ថុលោក George Soros ដែលជាសប្បុរសជនមួយរូបនោះ បានដាក់ចេញនូវផែនការនៃការស្នងតំណែងរបស់លោក ដោយបានប្រាប់សារព័ត៌មាន Wall Street Journal ថា លោកកំពុងប្រគល់ការគ្រប់គ្រងអាណាចក្រដ៏ធំរបស់លោកឲ្យទៅកូនប្រុសលោក Alexander Soros។
នេះមិនមែនជាការជ្រើសរើសជាក់ស្តែងនោះទេ ខណៈដែលលោក Soros វ័យ ៩២ឆ្នាំ ធ្លាប់បាននិយាយថា លោកមិនចង់ឲ្យមូលនិធិសង្គមបើកចំហរបស់លោក ដែលត្រូវបានគេស្គាល់ថា OSF ត្រូវបានគ្រប់គ្រងដោយកូនម្នាក់ណាម្នាក់ ក្នុងចំណោមកូនប្រាំនាក់របស់លោកនោះឡើយ។
ប៉ុន្តែនៅពេលនិយាយអំពីការសម្រេចចិត្តរបស់លោក ក្នុងការប្រគល់មូលនិធិ និងអាណាចក្រផ្សេងទៀត ដែលមានតម្លៃ ២៥ពាន់លានដុល្លារឲ្យទៅកូនប្រុស លោក Alex ដែលមានវ័យ ៣៧ឆ្នាំ លោក Soros បាននិយាយថា «លោករកបានហើយ»។
លោក Soros ត្រូវបានស្គាល់ដោយសារការងារបរិច្ចាគដ៏ធំរបស់លោកចំពោះបុព្វហេតុសេរី ជាអ្វីដែលលោក Alex បាននិយាយថា លោកមានគម្រោងត្រូវធ្វើបន្ត ដោយប្រាប់សារព័ត៌មានថា លោក លូកចូលក្នុងបញ្ហានយោបាយជ្រៅជាងឪពុករបស់លោក។
ក្រុមប្រឹក្សាមូលនិធិ OSF បានជ្រើសរើសលោក Alex ជាប្រធានរបស់មូលនិធិនេះ កាលពីខែធ្នូឆ្នាំមុន ហើយឥឡូវនេះរូបលោកដឹកនាំសកម្មភាពនយោបាយ ក្នុងនាមជាប្រធានគណៈកម្មាធិការសកម្មភាពនយោបាយរបស់លោក Soros។
យោងតាមសារព័ត៌មានខាងលើនេះ មូលនិធិនេះផ្ដល់ថវិកាប្រមាណជា ១,៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់ក្រុមនានា ដូចជាក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស នៅជុំវិញពិភពលោក និងក្រុមជួយកសាងលទ្ធិប្រជាធិបតេយ្យ៕