
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ (១២ មិថុនា)នេះថា ខ្លួនបានចុះកិច្ចសន្យាជាមួយក្រុម Akhmat នៃកងកម្លាំងពិសេសឆេតឈ្នី មួយថ្ងៃបន្ទាប់ពីមេទាហានស៊ីឈ្នួល ដ៏មានឥទ្ធិពលរបស់រុស្ស៊ីលោក Yevgeny Prigozhin បានបដិសេធមិនចុះហត្ថលេខាឡើយ។
ការចុះហត្ថលេខានេះបានធ្វើតាមបញ្ជាដែលថា "អង្គភាពស្ម័គ្រចិត្ត" ទាំងអស់គួរតែចុះហត្ថលេខាលើកិច្ចសន្យាត្រឹមថ្ងៃទី ១ ខែកក្កដា ដោយដាក់កងកម្លាំងពួកគេនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ខណៈទីក្រុងម៉ូស្គូព្យាយាមអះអាងការគ្រប់គ្រងរបស់ខ្លួនលើកងទ័ពឯកជនដែលកំពុងប្រយុទ្ធតំណាងឲ្យប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។
ជាថ្នូរមកវិញ អ្នកប្រយុទ្ធស្ម័គ្រចិត្តនឹងទទួលបានអត្ថប្រយោជន៍ និងការការពារដូចគ្នានឹងកងទ័ពជាតិ រួមទាំងការគាំទ្រសម្រាប់ពួកគេ និងក្រុមគ្រួសារ ប្រសិនបើពួកគេរងរបួស ឬស្លាប់។
លោក Prigozhin ដែលបានឈ្លោះប្រកែកគ្នាជាមួយក្រសួងការពារជាតិ ហើយបានចោទប្រកាន់ក្រសួងថា មិនបានផ្តល់ការផ្គត់ផ្គង់គ្រាប់រំសេវគ្រប់គ្រាន់ដល់ទាហានស៊ីឈ្នួល Wagner របស់ខ្លួននៅអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាបែបនេះទេ។
នាយអគ្គសេនាធិការរងរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ឯក Alexei Kim បាននិយាយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកងកម្លាំងពិសេសឆេតឈ្នីថា លោកសង្ឃឹមថា អង្គភាពស្ម័គ្រចិត្តផ្សេងទៀតនឹងអនុវត្តតាមដូចគ្នានេះដែរ៕