
នៅលើអាកាសយានដ្ឋានកងទ័ពអាកាសដ៏តូចមួយរបស់ប្រទេសអ៊ុយក្រែន អ្នកបើកឧទ្ធម្ភាគចក្រ លោក Denys បានប្រាប់សារព័ត៌មាន Reuters ថា ការការពារដែនអាកាសរបស់រុស្ស៊ីកាន់តែមានភាពទំនើប និងបង្ហាញឲ្យឃើញនូវការបង្កហេតុខ្លាំងជាងពីមុន។
និយាយនៅឯទីតាំងដែលមិនត្រូវបានបញ្ចេញឲ្យដឹងនៅភាគខាងកើតអ៊ុយក្រែន អាកាសយានិកកងទ័ពអាកាសដ៏មានបទពិសោធន៍រូបនេះ បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងទន្ទឹងរង់ចាំទទួលគ្រាប់រ៉ុក្កែតបាញ់ពីលើអាកាសជំនាន់ថ្មីពីលោកខាងលិច ដែលលោកសង្ឃឹមថា នឹងជួយដល់អាកាសយានិក ក្នុងការប្រយុទ្ធ នាពេលខាងមុខដ៏ខ្លីនេះ។
លោក Denys បាននិយាយថា៖ «យើងរង់ចាំការដឹកជញ្ជូនមកឲ្យពួកយើង។ យើងនឹងទទួលគ្រាប់រ៉ុក្កែតទាំងនេះ ប៉ុន្តែយើងនឹងត្រូវត្រួតពិនិត្យ ដើម្បីហ្វឹកហាត់ជាមួយពួកគេ និងប្រើប្រាស់រ៉ុក្កែតទាំងនេះ ក្នុងអំឡុងពេលហ្វឹកហាត់។ បន្ទាប់មក យើងនឹងអាចប្រើរ៉ុក្កែត ក្នុងការប្រយុទ្ធ ខ្ញុំសង្ឃឹមបែបនេះ»។
លោក Denys បានបន្ថែមថា ការការពារដែនអាកាសរបស់រុស្ស៊ីដែលកាន់តែប្រសើរឡើង នៅភាគខាងកើត បានធ្វើឲ្យពិបាក ក្នុងការហោះហើរឧទ្ធម្ភាគចក្រវាយប្រហារដែលផលិតដោយសូវៀត នៅជិតសមរភូមិ៕
