ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈសារសំឡេងពិសេសបានថ្លែងថា កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត នេះគឺដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងមិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងនោះថា បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រាជរដ្ឋាភិបាលចាំបាច់ត្រូវធ្វើកំណែទម្រង់សិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ព្រោះអ្នកដែលមានបំណងចង់ឈ្មោះអោយគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ។ សម្តេចតេជោបន្តថា ការចាប់ផ្តើមអនុវត្តអោយបានខ្ជាប់ខ្ជួននូវសិទ្ធបោះឆ្នោត ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា នឹងត្រូវបានបាត់បង់លក្ខខណ្ឌក្នុងការឈរឈ្មោះអោយគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែលដោយមិនមានផលប៉ះពាល់អ្វីឡើយ។
សម្តេចតេជោ គូសបញ្ជាក់ថា ប្រសិនបើមិនអាចទៅបោះឆ្នោតលើកទី១ទេ បុគ្គលនោះមិនអាចឈ្មោះអោយគេបោះឆ្នោតបានដែរ ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងក្រុមប្រឹក្សាស្រុកខណ្ឌក្រុង ក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ។ ដូច្ចេះនេះជាការទទួលខុសត្រូវ ក្នុងនាមយើងជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងមិនបានអនុវត្តនូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះនោះដែរ។ ចំពោះការទៅបោះឆ្នោតគឺជាសិទ្ធរបស់ពលរដ្ឋ ប៉ុន្តែអ្នកដែលត្រូវឈរឈ្មោះអោយគេបោះឆ្នោត គឺចាំបាច់ត្រូវតែមានការបោះឆ្នោតលើកទី១ មុនពេលដែលខ្លួនឈរឈ្មោះ ។
សម្តេចតេជោ បានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិភាក្សាគ្នាជាបន្ទាន់ ដើម្បីធ្វើវសោធកម្មច្បាប់បោះឆ្នោតដែលនឹងត្រូវអនុម័តនាពេលខាងមុខ ក្នុងនោះអ្នកណាក៏ដោយ ក្នុងគណបក្សណាក៏ដោយ ប្រសិនបើមិនទៅបោះឆ្នោត ឧទាហរណ៍ដូចជាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើមិនបានទៅបោះឆ្នោតពេលនោះទេ អ្នកនោះមិនអាចឈរឈ្មោះអោយគេបោះឆ្នោត នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត រាជធានី ក្រុមប្រឹក្សាក្រុងស្រុក ការបោះឆ្នោតសមាជិកព្រឹទ្ធសភាឆ្នាំ២០២៧ និងការបោះឆ្នោតសមាជិករដ្ឋសភានៅឆ្នាំ២០២៨ នោះឡើយ ហើយការធ្វើយ៉ាងនេះដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវធ្វើអោយខាងតែបាន មុនយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខត្រូវចាប់ផ្តើម។ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលពាក់ពន្ធ័ទាំងឡាយ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេស មាត្រាទី៣៤ថ្មី នៅកថាខណ្ឌចុងក្រោយដែលចែងថា បទបញ្ញាតិដកសិទ្ធបោះឆ្នោតនិងសិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។ ដូច្ចេះគ្មានអ្វីផ្ទុយក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។
សូមបញ្ជាក់ មិនមានអ្វីចំឡែកនោះទេចំពោះការធ្វើវិសោធនកម្មបែបនេះនៅកម្ពុជា ដោយសារតែនៅប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ក៏បាននឹងកំពុងធ្វើហើយដែរ។ បើពិនិត្យមើលស្ថានភាពប្រទេសថៃ គណបក្សមួុយចំនួន ត្រូវបាត់បង់សមាជិកសភាមួយចំនួន បាត់បង់អាសនៈជាច្រើន ដោយសារពួកគេមិនបានបំពេញកាតព្វកិច្ចក្នុងការទៅបោះឆ្នោតលើកទី១ ដូច្ចេះកម្ពុជាក៏អាចធ្វើបែបនេះទៅបាន ដោយធ្វើការកែទំរង់ ដើម្បីអោយមានការទទួលខុសត្រូវ ចំពោះអ្នកដែលចង់ឈរឈ្មោះអោយគេបោះឆ្នោត និងមិនបានធ្វើអោយប៉ះពាល់ដល់សិទ្ធពលរដ្ឋ ក្នុងការសម្រេចចិត្តនោះឡើយ តែនេះជាការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រង ដឹកនាំ គ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ៕ អត្ថបទ ៖ រក្សា


